ប្រវត្តិវត្តត្រឡែងកែង
ត្រឡែងកែង គឺជាឈ្មោះវត្តមួយ ដែលដើមឡើយស្ថិត នៅក្នុងក្រុងលង្វែក ជារាជធានីនៃប្រទេសកម្ពុជានាសម័យបុរាណ ហើយដែលបច្ចុប្បន្នស្ថិតនៅក្នុង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានចម្ងាយចុះពីផ្លូវជាតិលេខ៥ ប្រមាណជា៦គីឡូ- ម៉ែត្រ ។
វត្តត្រឡែងកែងនេះ ជាទីអារាមមួយដែលមានចំណាស់ ជាងគេនាសម័យលង្វែក គ.ស. ១៥២៥-១៥៩៥ ហើយដែលក្នុង សម័យកាលនោះ វត្តត្រឡែងកែងមានឈ្មោះថា “ព្រះវិហារមណ្ឌប”
។ វត្តនេះ កសាងឡើងក្នុងរាជព្រះបាទ
ចៅពញាច័ន្ទរាជា ដែលប្រវត្តិ- សាស្ត្រខ្មែរថ្វាយព្រះនាមថា
“ព្រះបាទឣង្គច័ន្ទទី១” ១៥២៥-១៥៦៧ ដើម្បីឧទ្ទិសដល់ជ័យជម្នះរបស់ទ្រង់ ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹង ការគ្រងរាជសម្បត្តិរបស់ស្ដេចកន”
និងដើម្បីរំលឹកពីជោគជ័យ របស់ព្រះអង្គលើពួកបច្ចាមិត្ត ដែលចូលលុកលុយប្រទេសខ្មែរ ។ ព្រោះនៅពេលដែលព្រះអង្គកំពុងធ្វើសង្គ្រាមនោះ ព្រះអង្គម្ចាស់ “ចៅពញាច័ន្ទរាជា”
បានធ្វើការបួងសួង និងឧទ្ទិសថា សូមឲ្យវត្ថុ ស័ក្ដិសិទ្ធិជួយជាកម្លាំង ហើយបើព្រះអង្គធ្វើសង្គ្រាមឈ្នះទ័ពពួកបច្ចាមិត្ត
ព្រះអង្គនឹងកសាងវត្តចំនួន ១០១ ដើម្បីបូជាចំពោះ ព្រះពុទ្ធសាសនា ។
ហេតុនេះហើយ បានជាក្រោយពេលចប់សង្គ្រាម ជាមួយ ពួកបច្ចាមិត្ត ដោយព្រះអង្គម្ចាស់ ចៅពញាច័ន្ទរាជា បានទទួល ជោគជ័យ ហើយឡើងសោយរាជ្យសម្បត្តិ គ្រប់គ្រងលើព្រះរាជាណាចក្រ ទាំងមូលទើបព្រះមហាក្សត្រអង្គនេះ ចាត់ចែងកសាងវត្ត តាមពាក្យសច្ចាដូចដែលបានឧទ្ទិស ដែលក្នុងនោះមានវត្តត្រឡែងកែងផងដែរ ។
អំពីព្រះវិហារ
វត្តត្រឡែងកែងមានព្រះវិហារចំនួនពីរ មួយហៅថា ព្រះវិហារព្រះកែវ និងព្រះវិហារមួយទៀតហៅថា ព្រះវិហារមុខបួន ។
ក-ព្រះវិហារព្រះកែវ
ព្រះវិហារនេះ ស្ថិតនៅទិសខាងកើត ព្រះវិហារមុខបួនគឺ ជាព្រះវិហារមួយ ដែលមានតម្កល់រូបបដិមាផ្សេងៗ មានព្រះពុទ្ធ បដិមា និងបដិមាស្នងរូបផ្សេងៗ ជាច្រើនទៀត ដែលមាននៅក្នុង រឿង “ព្រះគោ ព្រះកែវ”
ដែលជារឿងមួយដក់ជាប់ក្នុងជីវិតរស់នៅ របស់ប្រជាពលរដ្ឋខ្មែរយើង ដូចជារូបព្រះគោ រូបព្រះកែវ រូបនាង ពៅ រូបចៅមាណព និងរូបប្រពន្ធចៅមាណព ។
ចំពោះរូបសំណាកព្រះគោ ខ្មែរយើងសព្វថ្ងៃនេះ បានស្គាល់យ៉ាងច្បាស់លាស់
អំពីសេចក្ដីសំខាន់របស់ព្រះគោ ដោយគេដឹងថា ព្រះគោជាទ្រព្យសម្បត្តិដ៏ស័ក្ដិសិទ្ធិ
ខ្លាំងពូកែរបស់អាណាចក្រខ្មែរ តាំងពីសម័យបុរាណកាលមកម្ល៉េះ ។
ការពិតប្រវត្តិរបស់ព្រះគោបានឲ្យដឹងថា ព្រះគោនេះ គឺជាគោឈ្មោល “នន្ទិន”
ដែលជាយានជំនិះរបស់ព្រះសិវ: ដែលជា អាទិទេពមួយអង្គនៅក្នុងសាសនាព្រាហ្មណ៍ ។ ព្រះសិវ:នេះ ខ្មែរ យើងតែងស្គាល់ថា ព្រះឥសូរយ៉ាងដូច្នោះទៅវិញ ។ នៅក្នុង សាសនាព្រាហ្មណ៍ គេគោរពអាទិទេពបីអង្គគឺ អាទិទេពទីមួយ ឈ្មោះ ព្រះព្រហ្ម អាទិទេពទីពីរ ឈ្មោះ ព្រះវិស្ណុ និងអាទិទេពទីបី ឈ្មោះ ព្រះសិវៈ ។ ព្រះឥស្វរ: គឺព្រះឥសូរនេះឯង ។
នៅក្នុងរជ្ជកាលស្ដេចជំនាន់មុនៗ សុទ្ធតែកាន់សាសនា ព្រាហ្មណ៍ មុនព្រះពុទ្ធសាសនា បានជ្រួតជ្រាបផ្សព្វផ្សាយចូល មកដល់ ហេតុនេះហើយបានជាគេឃើញលិង្គព្រះឥសូរ និង យោនី នាងឧមាភវត មាននៅសល់គ្រប់ប្រាសាទបុរាណ
ទាំងអស់ ព្រមទាំងរូបគោ “នន្ទិន” ដែលជាយានជំនិះព្រះឥសូរទៀតផង ។ ចំណែកឯព្រះនារាយណ៍
ខ្មែរយើងស្គាល់ថា ជាព្រះពិស្ណុការ ហើយដែលខ្មែរយើងតែងតែតំណាល ប្រាប់គ្នាតៗ
មកថា ព្រះពិស្ណុការនេះហើយ ដែលបានកសាងប្រាសាទឣង្គរវត្ត ។
ចំពោះគោនន្ទិន ដែលជាជំនិះរបស់ព្រះឥសូរនោះ ទោះបីជា ពុទ្ធសាសនាបានជ្រួតជ្រាប
ក្នុងសង្គមខ្មែរក៏ដោយ ក៏ស្ដេចខ្មែរជំនាន់ ក្រោយៗមកទៀត នៅតែបានរក្សាទុកគោនន្ទិននេះដដែល
គ្រាន់តែមានការប្រែប្រួលខ្លះៗ ពីការគោរពគោ តាមបែបព្រាហ្មណ៍ មក គោរពតាមបែបពុទ្ធសាសនាវិញ
ដោយយកគោដ៏ស័ក្ដិសិទ្ធិនេះ សម្រាប់តម្កល់ទុកព្រះត្រៃបិដក
គម្ពីរក្បួនខ្នាត ហើយក៏នាំគ្នាហៅថា ព្រះគោដូច្នេះទៅវិញ ។
ខ្មែរយើងដែលគោរពព្រះគោ ដោយសម្គាល់ថា ព្រះគោនេះ គឺជារូបសំណាក តំណាងព្រះពុទ្ធអង្គ ហើយនិងព្រះសិវ: ដែលជា វត្ថុស័ក្ដិសិទ្ធិពីរបញ្ចូលគ្នា នៅក្នុងរូបសំណាកគោឈ្មោលឈ្មោះ នន្ទិ ដែលជាសត្វធ្វើគុណប្រយោជន៍ឲ្យមនុស្សលោក ។
ការធ្វើបដិមាស្នងរូប តម្កល់ទុកក្នុងព្រះវិហារនេះ គឺក្នុង គោលបំណងចាត់ទុកថា រូបសំណាកទាំងនោះ សុទ្ធសឹងជាវត្ថុ ស័ក្ដិសិទ្ធិ ខ្លាំងពូកែបំផុត បានធ្វើឲ្យមនុស្សគ្រប់រូប ដែលចូលទៅ វត្តត្រឡែងកែង តែងតែធ្វើការបន់ស្រន់សុំសេចក្ដីសុខ មិនដែល ខកខានឡើយ ។
ដូច្នេះបានសេចក្ដីថា ព្រះវិហារព្រះកែវនេះ ពុំមានលក្ខណ: ជាព្រះវិហារ បែបពុទ្ធសាសនាថេរវាទសុទ្ធសាទទេ តែជាព្រះវិហារ មួយដែលមានលក្ខណ:បែបជាពហុសាសនាទៅវិញ ។
ខ-ព្រះវិហារមុខ៤
ព្រះវិហារនេះ
សង់ឃ្លាតពីព្រះវិហារតូច ចម្ងាយប្រមាណ
៧០ ម៉ែត្រ គឺជាព្រះវិហារ សម្រាប់ព្រះសង្ឃធ្វើឧបោសថកម្ម ឣភាលាកម្ម និងធ្វើបុណ្យទានផ្សេងៗ
តាមបែបពុទ្ធសាសនា ថេរវាទ ។ វិហារនេះ មានមុខបែរទៅរកទិសធំទាំង ៤ ដូចព្រះពុទ្ធ
បដិមានៅក្នុងវិហារនេះដែរ ទើបបានជាគេនាំគ្នាហៅថា : ព្រះវិហារ មុខបួនដូច្នោះ
។
នៅក្នុងវិហារនេះ យើងឃើញមានផ្ទាំងថ្មដាដ៏ធំមួយ ដែលមានស្នាមចម្លាក់ ព្រះបាទត្រឹមកជើងប្រឈមមុខទៅគ្រប់ទិសធំទាំងបួន ហើយដែលគេតែងស្គាល់ថា នេះជាចម្លាក់ព្រះពុទ្ធបាទ ដែលជាវត្ថុបុរាណកសាងឡើងក្នុងរាជ្យព្រះបាទឣង្គច័ន្ទទី១ ។ ការ ដែលបាត់តួរបស់ព្រះអង្គ ដោយបន្សល់ទុកតែស្នាមព្រះបាទដូច្នេះ មកពីសម័យដែលខ្មែរយើង មានសង្គ្រាមជាមួយនឹងសៀម ជំនាន់ ក្រោយៗមកទៀត ទើបបណ្ដាលឲ្យសៀម រឹបអូសយករូបព្រះពុទ្ធ អង្គនេះ ។
ប្រវត្តិនៃការកសាងព្រះពុទ្ធរូប និងស្នាមព្រះបាទអំពីថ្មដានេះ គឺបន្ទាប់ពីព្រះបាទអង្គច័ន្ទទី១ បានទទួលរាជាភិសេកជាស្ដេច គ្រងរាជ្យនៅឆ្នាំ ១៥២៩មក ទ្រង់ក៏បានយាងទៅកម្សាន្តនៅក្នុង ព្រៃជិតខាងនៃទីក្រុងលង្វែក ហើយទ្រង់ក៏ក្រឡេកទៅឃើញថ្មដា មួយដុំធំ ដែលសឹងតែគ្របដណ្ដប់ជិតពីលើ ដោយមែកឈើដើម គគីរ ទ្រង់ក៏បានចាប់ព្រះទ័យទៅលើបាតុភូត ដ៏ចម្លែកអស្ចារ្យនេះ ក៏សម្រេចព្រះទ័យថានឹងយកដុំថ្មដានេះ ហើយនិងដើមឈើមកប្រើប្រាស់ ទើបទ្រង់បានបញ្ជាឲ្យគេយកដើមឈើនោះ ទៅស្ថាបនាជា ព្រះពុទ្ធរូប៤អង្គ ដែលមានខ្នងជាប់គ្នា ដោយមានព្រះភក្ត្របែរទៅ រកទិសធំទាំង ៤ ហើយយកថ្មដានោះ ធ្វើជាព្រះបាទ ។
ព្រះសក្យមុនី ដែលឈរជាចតុរូបនោះ ទ្រង់បានឧទ្ទិស សម្រាប់ឲ្យឧបាសក ឧបាសិកា គោរពបូជានៅឆ្នាំ ១៥៣០ បន្ទាប់ ពីធ្វើពិធីពុទ្ធាភិសេកអស់ចំនួន ៣ ថ្ងៃមក ។ ទ្រង់បានតម្កល់ទុកក្នុង ព្រះវិហារមណ្ឌប ដែលឥឡូវនេះយើងស្គាល់ថា ជាវត្តត្រឡែងកែង ទៅវិញ ។
ចំណេរក្រោយមក សង្គ្រាមរវាងខ្មែរនិងសៀម ចេះតែមាន ជាបន្តបន្ទាប់រាប់ទសវត្ស ហើយនៅទីបំផុតនៅក្នុង គ.ស. ១០៩៤ រាជធានីលង្វែក ក៏ត្រូវទ័ពសៀមព័ទ្ធជាប់ ហើយលុកលុយដុតបំផ្លាញខ្ទេច
ដោយនាំយកគម្ពីរដីកា
អ្នកប្រាជ្ញរាជគ្រូ
និងបេតិកភណ្ឌ វប្បធម៌ជាតិជាច្រើន ដែលក្នុងនោះ មានព្រះពុទ្ធរូប ធ្វើពីឈើដើម គគីរ កាលពីសម័យព្រះបាទអង្គច័ន្ទទី ១ ទៅស្រុកសៀមផងដែរ
។
លុះសម័យក្រោយមកទៀត មិនដឹងកាលបរិច្ឆេទ ទើបគេ កសាងរូបព្រះពុទ្ធទ្រង់គ្រឿង ឬព្រះស្រីអារ្យមេត្រីឈរប្រទល់ខ្នង
គ្នា បែរមុខទៅគ្រប់ទិសទាំងបួន ដដែលតែគេកសាងអំពីថ្មទៅវិញ ហើយមានទំហំតូចជាងព្រះពុទ្ធរូប
ដែលធ្វើពីឈើដើមគគីរ ។
ព្រះស្រីអារ្យមេត្រី ដែលកសាងក្រោយនោះ នៅគង់រហូត ដល់សព្វថ្ងៃ ។
តាមការសាកសួរចាស់ៗ ដែលនៅទីនោះបានឲ្យដឹងថា ព្រះវិហារវត្តត្រឡែងកែងនេះ ពីដើមគេសាងអំពីឈើ តែក្រោយមក ព្រះតេជគុណចៅអធិការវត្តព្រះនាម “គូ”
និងព្រះគ្រូព្រះនាម “សាក់”
បានរុះរើព្រះវិហារឈើនេះ ហើយកសាងជាថ្មីវិញ ដោយ រក្សានូវលក្ខណ:តាមបែបរចនាបទខ្មែរ ដូចដែលគេបានសាង ឡើងនៅសម័យនគរភ្នំដដែល ។
ហេតុដែលកសាងព្រះវិហារយ៉ាងដូចនេះ ព្រោះខ្មែរយើង នៅសម័យដើម មានឧត្ដមគតិ និងទឹកចិត្តជឿជាក់លើវត្ថុអ្វីៗ ដែល កើតចេញពីភ្នំថា សុទ្ធតែជាវត្ថុស័ក្ដិសិទ្ធិ ឬវត្ថុមានឫទ្ធានុភាពច្រើន។ ព្រះវិហារនេះ មិនងាយនឹងរកព្រះវិហារណាមកប្រដូចទេ
ព្រោះហេតុ ដូច្នេះហើយ បានជាគេធ្វើឲ្យមានលក្ខណ:សមស្រប តាមរបៀបខ្មែរ សម័យនគរភ្នំ ដើម្បីទាក់ទាញទឹកចិត្តពុទ្ធសាសនិកឲ្យយល់ដឹងថា ព្រះវិហារ គឺជាជណ្ដើរកែវ សម្រាប់ព្រះពុទ្ធសមណគោតម
ចុះមក ពីឋានសួគ៌ ដើម្បីសម្ដែងធម៌ប្រោសសត្វលោកផងទាំងពួង ។
នៅក្នុងសម័យនោះ វត្តត្រឡែងកែង នៅមានវត្ត ៤ ទៀត សម្រាប់ជួយកិច្ចការ ខាងផ្លូវសាសនា និងខាងផ្លូវលោកគឺ :
១-វត្តបរលោក បរិនាយក ស្ថិតនៅទិសខាងកើត ហើយ លោកគ្រូចៅអធិការវត្តនេះ មាននាទីដឹកនាំកិច្ចការរបស់ពុទ្ធបរិស័ទ លើគ្រប់វិស័យ ។
២-វត្តព្រះឥន្ទទេព ស្ថិតនៅទិសអាគ្នេយ៍ ហើយលោកគ្រូចៅអធិការវត្តជាសហការីស្តាំ សម្រាប់ដាក់វិន័យ ចំពោះព្រះសង្ឃ ឬពុទ្ធបរិស័ទណា ដែលមានវិវាទក្នុងរឿងសាសនាព្រះពុទ្ធ ឬ សាសនាដទៃ ។
៣-
វត្តកាគឹម ឬ វគ្គសិរីរិទ្ធ ស្ថិតនៅទិសបស្ចិម ហើយ លោកគ្រូចៅអធិការវត្តនេះ មានភារកិច្ចទទួលបន្ទុកក្នុងការផ្ដល់ ទ្រឹស្ដីព្រះពុទ្ធសាសនា សម្រាប់ឲ្យពុទ្ធបរិស័ទងាយយល់ និង អនុវត្តឲ្យបានត្រឹមត្រូវ ។
៤-វត្តគុហារ ស្ថិតនៅទិសខាងពាយ័ព្យ ដែលលោកគ្រូ ចៅអធិការវត្តនោះ ទទួលគិតគូរតែពីបញ្ហាធ្វើសមណធម៌ រៀបចំអ្នកបួសឲ្យបានត្រឹមត្រូវ និងជួយដោះស្រាយរាល់ការស្ថាបនាផ្សេងៗ ក្នុងវិស័យពុទ្ធសាសនា ។
រាល់គ្រប់បណ្ដាភារកិច្ចទាំងអស់ ត្រូវបានព្រះចៅ អធិការវត្តទាំង ៥ ដែលមានវត្តត្រឡែងកែងជាប្រធាន តែងតែបាន មកប្រជុំពិភាក្សាគ្នា ដើម្បីរកសេចក្ដីចម្រើនដល់ព្រះពុទ្ធសាសនា ហើយលុះត្រាតែព្រះចៅអធិការនៃវត្តទាំង៥នេះ មានយោបល់មូល មតិឯកភាពគ្នា ទើបអនុវត្តន៍នូវរាល់កិច្ចការទាំងនោះបាន ។
ម៉្យាងទៀតនៅក្បែរផ្លូវចូល ពីទិសពាយ័ព្យអារាម ត្រឡែងកែង គេបានសង់រោងអ្នកតាមួយ ហៅថា“អ្នកតាប៉ាង” ។ តាមការ ស្រាវជ្រាវបានឲ្យដឹងថា នៅសម័យបុរាណ កាលបើគេត្រូវកសាង វត្ត ចាំបាច់គេធ្វើពិធីក្រុងពាលី ដើម្បីសុំទឹក សុំដី ដែលជាលក្ខណ:ជំនឿរបស់សាសនាព្រាហ្មណ៍
ទើបគេត្រូវឲ្យធ្វើរោងអ្នកតានៅ ខាងមុខវត្តឡើង ដើម្បីធ្វើឲ្យពុទ្ធបរិស័ទមានការខ្លបខ្លាច
និងម៉្យាង មិនអាចលួចទ្រព្យសម្បត្តិវត្ត ដែលជារបស់គរុភណ្ឌទៀតផង ។
អំពីសំណង់ប្រវត្តិសាស្ត្រខ្លះៗ នៅក្នុងវត្តត្រឡែងកែង
នៅក្នុងទីអារាមវត្តត្រឡែងកែង សម្បូរទៅដោយសម្បត្តិ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ ជាច្រើនទៀតដូចជា ៖
១-ស្រះទឹកនាងពៅ ៖ ក្នុងចំណោមស្រះទឹកទាំងឡាយ
ដែលមាននៅក្នុងវត្តត្រឡែងកែង ស្រះទឹកនាងពៅ គឺជាស្រះទឹក ប្រវត្តិសាស្ត្រមួយ
ដែលបង្កប់នូវអាថ៌កំបាំងជាច្រើន ។ ស្រះនេះ ស្ថិតនៅខាងលិច ជាប់នឹងព្រះវិហារព្រះកែវ
ដែលមានបណ្ដោយ ៣៦ម៉ែត្រ។ នៅបាតស្រះ “ពេលទឹកស្រកនារដូវប្រាំង” គេឃើញ មាននៅសល់សសរច្រូងច្រាង
ធ្វើអំពីឈើតាត្រាវ ដែលអ្នក ស្រុកភូមិស្គាល់ថា ជាសសរប្រាសាទនាងពៅ ទើបគេហៅថា ប្រាសាទនាងពៅ ។ តែក៏មានទស្សន:អ្នកខ្លះទៀតយល់ថា នេះជា សសរប្រាសាទដែរ តែគេសាងសង់ឡើងសម្រាប់តម្កល់វត្ថុសំខាន់ៗ ដែលមានតម្លៃនៅសេសសល់ពីក្រុងអង្គរ ។
តាមប្រភពព័ត៌មានរបស់អ្នកស្រុកថា ក្នុងអំឡុងទសវត្ស ទី៥០ គេបានស្ដារស្រះនាងពៅនេះ យកអាចម៍ដីចេញលើចំណែក ខ្លះ ដែលមានការហូរច្រោះ ។ លុះមកដល់ឆ្នាំ ១៩៩៦ ស្រះនេះក៏ មានការស្ដារជាថ្មីម្ដងទៀត ។ មុនពេលស្ដារសំណល់ចុងសសរ ឃើញតែ ៤ ទេ តែក្រោយពេលស្ដាររួចឃើញមានសសររហូតដល់ ៩៣ ហើយដែលក្នុងការស្ដារនេះ គេគ្រាន់តែយកអាចម៍ដី ចេញ ដោយរក្សាទុកនូវស្លាកស្នាមប្រវត្តិសាស្ត្រ
ឲ្យនៅដូចដើម ដដែល ។
២-រូងក្រោមព្រះវិហារ
រូងនេះស្ថិតនៅចំហៀងខាងត្បូង ជាប់នឹងខឿនវិហារព្រះ- កែវ មានកម្ពស់មាត់លើទំហំប្រវែងជា១មែត្រ
ទទឹង០,៥ម៉ែត្រ។ តាម
ការតំណាលតៗគ្នាថា រូងនេះជាផ្លូវក្រោមដីមួយតភ្ជាប់ពីវត្តត្រឡែងកែង ដល់ភ្នំព្រះរាជ្យទ្រព្យឧដុង្គ ហើយបន្តធ្លាយដល់ភ្នំប្រសិទ្ធិ ទៀត ។ ក្នុងរូងនេះមានពស់ត្បាល់មួយធំប្រចាំការ ហើយបើអ្នក គ្មានបារមីពុំអាចធ្វើដំណើរតាមរូងនេះបានឡើយ ។ គេនិយាយ ទៀតថាជារៀងរាល់ថ្ងៃសីល ឬថ្ងៃពេញបូណ៌មី ពស់ត្បាល់ដ៏ធំនេះ តែងតែចេញមកក្រៅ ឲ្យគេឯងឃើញនៅមុខព្រះវិហារ ។ ប៉ុន្តែការ និទាននេះពុំមានភស្តុតាងណាមួយ មកបង្ហាញថា មានអ្នកបានដើរ ឆ្លងកាត់តាមរូងនោះ ឬក៏បានឃើញពស់ត្បាល់ ដោយផ្ទាល់ក៏គ្មាន ដែរ គឺបានត្រឹមតែឮតៗគ្នាប៉ុណ្ណោះ ។
ទាក់ទងនឹងរូងនេះដែរ នៅមានរឿងមួយទៀតតំណាលថា ប្រហែលជាក្នុងអំឡុងឆ្នាំ ១៩៦០ មានអាចារ្យម្នាក់ឈ្មោះ អាចារ្យ ទឹកខ្មេះ បានមកសំណាក់ធម៌នៅទីវត្តត្រឡែងកែងនេះ
ហើយតាំងខ្លួនជាអ្នកមានបុណ្យបារមី ដោយយករឿងរ៉ាវ ដែលទាក់ទងនឹង រូងនេះ មកធ្វើជាធ្នាក់នៃជំនឿ
ហើយយកវិហារអួតថា ខ្លួនបានធ្វើ ដំណើរទៅមកពីភ្នំអដ្ឋរស្ស ភ្នំប្រសិទ្ធិ តែតាមរូងនេះ
ធ្វើឲ្យពុទ្ធ បរិស័ទ ព្រមទាំងអាចារ្យវត្តមានជំនឿយ៉ាងមុតមាំ ទៅលើអាចារ្យ
ទឹកខ្មេះ ។ ថ្ងៃមួយអាចារ្យទឹកខ្មេះ បានឆបោកឲ្យលោកគ្រូចៅអធិការ
វត្តត្រឡែងកែងចុះតាមរូងនេះ ហើយខ្លួនគាត់អាចារ្យទឹកខ្មេះ នឹង ទៅចាំនៅឯភ្នំប្រសិទ្ធិ ។ លោកគ្រូចៅអធិការ ក៏ចុះតាមរូងនោះ ដោយប្រគល់ថង់យាម ដែលមានទាំងកូនសោឃ្លាំងគរុភណ្ឌដ៏មាន តម្លៃជាច្រើន ឲ្យអាចារ្យទឹកខ្មេះជាអ្នកកាន់ ដែលនេះជាឱកាសដ៏ល្អ មួយក្នុងការឆបោករបស់អាចារ្យទឹកខ្មេះ ដើម្បីលួចយករបស់មាន តម្លៃផ្សេងៗពីក្នុងឃ្លាំង ។
ពេលចុះបាន១,៥០ម៉ែត្រ ដោយបាតរូងតូចចង្អៀតក៏មិនអាច
ទៅទៀតបាន
តែដោយមានជំនឿស៊ប់ លោកគ្រូចៅអធិការវត្ត ចេះតែប្រឹងរុលទៅក្រោម ខ្លាំងឡើងៗ
ស្រាប់តែជាប់ជើងទៅក្រោមក៏ មិនរួច ឡើងលើក៏មិនរួចតែម្ដង
តែក្រោយមកដោយបានពុទ្ធបរិស័ទ និងព្រះសង្ឃជួយសង្គ្រោះទាន់ពេលវេលា ព្រះគ្រូចៅអធិការក៏បាន
រួចខ្លួនឡើងរួចមកវិញ ។ រីឯអាចារ្យទឹកខ្មេះ ក៏បានភៀសខ្លួនចេញ ពីវត្តត្រឡែងកែងតាំងពីពេលនោះរហូតមក
។
ចាប់ពីឆ្នាំ១៩៨៥មក វត្តត្រឡែងកែង ត្រូវបានជួសជុលនិង កែលំឣជាបន្តបន្ទាប់ សំដៅកសាងទីអារាមនេះ ឲ្យក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដោយរក្សាទុកនូវកេរដំណែលពីអតីតកាល ដែលមានស្រាប់ឲ្យនៅគង់វង្សដដែល
។ វត្តត្រឡែងកែងបាន ទាក់ទាញពុទ្ធបរិស័ទពីទីជិតឆ្ងាយ រួមមានរាជធានីភ្នំពេញ
កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង...៘ ចូលរួមយ៉ាងច្រើនកុះករមិនមានដាច់ ឡើយ ហើយដែលធ្វើឲ្យពុទ្ធបរិស័ទយើងកាន់តែស្រឡាញ់នូវឣ្វី
ដែលជាសម្បត្តិវប្បធម៌របស់ខ្មែរ និងរួមចំណែកថែរក្សាការពារ ឲ្យបានឋិតថេរគង់វង្សជារៀងរហូត
។
ដោយ លី សុទ្ធិ